
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប, បាត់ដំបង, ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។











