
ល្បែងចិតផ្លែឈើ និងប្រណាំងញ៉ាំផ្លែឈើត្រូវបានយកមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង
បាត់ដំបង ៖ ការបើកឱ្យមានការលេងល្បែងកម្សាន្តបែបប្រជាប្រិយ គឺជាឱកាសមួយដ៏សំខាន់សម្រាប់ប្រជាពកលរដ្ឋ និងយុវជន យុវនារី រួមទាំងកុមារា កុមារី ផងដែរ ដើម្បីបង្ករនូវបរិយាកាសសប្បាយរីករាយក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦នេះ ។ ជាក់ស្តែងសម្រាប់ថ្ងៃទី២នៃព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ បាននាំយកល្បែងកម្សាន្តបែបប្រពៃណី មួយចំនួន ដើម្បីរៀបចំឱ្យមានចូលរួមលេងកម្សាន្ត នោះគឺការប្រណាំងញាំផ្លែឪឡឹក ប្រណាំងញាំផ្លែស្វាយជូរ ចិតផ្លែម្នាស់ ចិតផ្លែឪឡឹករួមជាមួយការលេងល្បែងកម្សាន្តយករង្វាន់ផ្លែឈើជាច្រើនទៀត ។ ការបើកឱកាសឱ្យមានការលេងល្បែងបែបនេះពិនិត្យឃើញ ប្រជាពលរដ្ឋ ក្រុមយុវជន យុវនារី និងក្មួយៗកុមារា កុមារី គ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលរួមលេងកម្សាន្តយ៉ាងផុលផុស បង្កនូវភាពសប្បាយរីករាយ ដោយសារតែពួកគាត់បានចូលលេងល្បែងប្រជាប្រិយបែបកម្សាន្តផង និងបានញ៉ាំផ្លែឈើផងដែរ ។











