
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ផ្តល់ការលើកទឹកចិត្តដល់បេក្ខជន ក្នុងស្រុកបាណន់ ដែលប្រឡងជាប់ បាក់ឌុបមាននិទ្ទេស A នឹងជូនម៉ូតូម្នាក់មួយគ្រឿង
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានថ្លែងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប នៅស្រុកបាណន់ ប្រឡងជាប់មាននិទ្ទេស A នឹងទទួលបានម៉ូតូមួយគ្រឿង និងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត ពីក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ ។ ការលើកទឹកចិត្តជារង្វាន់ម៉ូតូ និងរង្វាន់ផ្សេងទៀតនោះ បានធ្វើឡើងក្នុងពេលដែលឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងក្រុមការងារចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់នៃស្រុកបាណន់ ចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ជាបេក្ខជន ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យចំនួន២ ក្នុងស្រុកបាណន់ គឺវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ និងវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង កន្ទឺ២ កាលពីចុងសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកបាណន់ ខេត្តបាត់ដំបង ។











