
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។











