
ឯកឧត្តម ខូយ រីដា អញ្ជើញចុះពិនិត្យការងារអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ និងដាក់ចេញទិសដៅពង្រឹងសោភ័ណភាព បរិស្ថាន និងសុវត្ថិភាពចរាចរណ៍
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពអភិវឌ្ឍន៍នានាក្នុងស្រុកភ្នំក្រវាញ ព្រមទាំងបានណែនាំ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់មុខមាត់ និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទិសដៅការងារអាទិភាពដែលបានដាក់ចេញ៖ រៀបចំសណ្តាប់ធ្នាប់សាធារណៈ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អរដ្ឋបាលស្រុកឱ្យមានភាពទាក់ទាញ និងមានរបៀបរៀបរយ, បង្កើនការសម្រួល និងត្រួតពិនិត្យការធ្វើដំណើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ, ជំរុញការដាំដើមឈើ អនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីប្រែក្លាយស្រុកភ្នំក្រវាញឱ្យទៅជាតំបន់បៃតង ស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ៕











