
ក្រុមការងារព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង បន្តរៀបចំលេងល្បែងកម្សាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ ប្រកបដោយភាពសប្បាយរីករាយ
បាត់ដំបង ៖ ដើម្បីចូលរួមបង្កើននូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិនោះ ក្រុមការងាររៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង បាននិងកំពុងបន្តការរៀបចំឱ្យមានការលេងល្បែងកម្សាន្តជាច្រើនមុខ ស្ថិតបរិវេណខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ប្រកបដោយភាពសប្បាយរីករាយ នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។ ជាក់ស្តែងល្បែងកម្សាន្ត ដែលត្រូវបង្កើតឱ្យមានការលេងនោះ រួមមាន ការចិតផ្លែឪឡឹក ចិតផ្លែស្រកានាគ និងផ្លែឈើមួយចំនួនទៀត ដែលមានលក្ខខ័ណ្ឌតម្រូវឱ្យអ្នកចូលរួមត្រូវតែចិតផ្លែឈើទាំងនេះឱ្យមានរបៀបរៀបរយបានល្អ មានអនាម័យ មើលទៅគួរចង់ទទួលទាន ការរៀបចំទុកដាក់សំបក និងសម្ភារៈប្រើប្រាស់ឱ្យបានល្អ ក្រៅពីនេះនូវមានល្បែងកម្សាន្តមួយប្រភេទទៀត គឺការប្រណាំងហូបក្រូចពោធិសាត់ ផ្លែឪឡឹក ផ្លែស្វាយជូរ និងការស្មានទម្ងន់ផ្លែឈើជាដើម ។ អ្នកដែលឈ្នះពីការចិតផ្លែឈើ និងការប្រណាំងហូបផ្លែឈើ នឹងទទួលបានរង្វាន់ជាផ្លែទុរេនទុំមួយផ្លែ និងមានរង្វាន់ហ្លួងចិត្តពីកម្មវិធីផងដែរ ។











